ពេលអ្នកប្រឈមមុខនឹងបរាជ័យ
យើងពិបាកមានទស្សនវិស័យចំពោះរឿងរ៉ាវទាំងឡាយច្បាស់លាស់ណាស់ នៅពេលដែលយើងមានការបរាជ័យនោះ។ ឧទាហរណ៍ នៅពេលលោក មើលឡេស (Millais) បានដាក់តាំងបង្ហាញគំនូរ Ophelia របស់លោកនៅឆ្នាំ ១៨៥២ នោះមានមនុស្សម្នាក់បានរិះគន់លោកថា៖ «ឱជនបរាជ័យអើយ!» ហើយគេនិយាយថា ពាក្យទាំងនេះបានញាំញីលោក មើលឡេស អស់មួយជីវិតរបស់គាត់។
នៅពេលអ្នកជួបការបរាជ័យ ចូរអង្គុយចុះភ្លាម ហើយចាប់ផ្តើមអធិស្ឋានដើម្បីវិភាគពីមូលហេតុ ដែលនាំឲ្យមានការបរាជ័យ។ ចូរពិចារណាពីលទ្ធភាពដែលព្រះជាម្ចាស់ អាចអនុញ្ញាតឲ្យការបរាជ័យនេះកើតមានឡើង ដោយព្រោះវាជាផ្នែកមួយនៃព្រះរាជហឫទ័យរបស់ទ្រង់ សម្រាប់ជីវិតរបស់អ្នក។ មនុស្សជាច្រើនបានរកឃើញថា ព្រះជាម្ចាស់បានអនុញ្ញាតឲ្យការបរាជ័យកើតឡើងនៅក្នុងជីវិតគេ ដើម្បីឲ្យគេបែរគំនិតខ្លួនទៅរកទិសដៅនៃការបម្រើទ្រង់វិញ។
ប៉ុន្តែ បន្ទាប់ពីអ្នកបានអធិស្ឋាន និងពិចារណាយ៉ាងល្អិតល្អន់ពីលទ្ធភាពនេះរួចហើយ ចូរប្រាកដថា អ្នកយល់ព្រមតាមព្រះជាម្ចាស់ ដើម្បីបន្តដំណើរដដែលនេះទៅមុខទៀត។ បន្ទាប់មកចូរសួរខ្លួនឯងថា តើខ្ញុំជាផ្នែកមួយដែលបង្កឲ្យមានការបរាជ័យនេះ តាមរយៈការមិនយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត កង្វះការរៀបចំ កង្វះបទពិសោធន៍ ការលៃលកពេលវេលាខុស មិនបានថ្លឹងថ្លែងច្បាស់លាស់ពីគុណសម្បត្តិ និងគុណវិបត្តិ ធ្វេសប្រហែសចំពោះគោលការណ៍សីលធម៌ មិនបានយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់គេ…។ល។ បន្ទាប់ពីបានរៀនពីមេរៀនទាំងឡាយដែលកើតចេញពីការបរាជ័យរួចមក ចូរអ្នកចាប់ផ្តើមម្តងទៀត។
មានពេលមួយនោះ ខ្ញុំបានឃើញផ្ទាំងរូបភាពគ្រីស្ទបរិស័ទមួយនៅក្នុងបណ្ណាគារ ដែលបានបង្ហាញពីរូបភាពរបស់បុរសម្នាក់ស្លាប់ដៃទាំងទ្វេ ហើយទឹកមុខបានបង្ហាញពីការចង់លាចេញពីមុខតំណែងរបស់ខ្លួន។ នៅលើអាវយឺតរបស់បុរសម្នាក់នេះ មានសរសេរពាក្យថា «ខ្ញុំចុះចាញ់ហើយ»។ នៅជ្រុងនៃផ្ទាំងរូបភាពនេះ ដែលស្ទើរតែមើលមិនឃើញនោះ ជាគំនូរកូនភ្នំពណ៌ខ្មៅតូចមួយ ហើយមានឈើឆ្កាងតូចមួយដាំពីលើវាផង។ នៅពីក្រោមឈើឆ្កាងនោះ មានពាក្យសរសេរថា «ខ្ញុំមិនចុះចាញ់ទេ»។ ដ្បិតព្រះមួយអង្គ ដែលបានទទួលជ័យជម្នះលើឧបសគ្គទាំងអស់ ទ្រង់លូកព្រះហស្តមករកអ្នកហើយ។ ដូច្នេះចូរចាប់ព្រះហស្ថទ្រង់ចុះ ហើយបើព្រះហឫទ័យណាមួយមិនទាន់បានសម្តែងឲ្យអ្នកឃើញទេ ចូរព្យាយាមម្តងទៀត។
សេចក្តីអធិស្ឋាន
«ឱព្រះវរបិតាអើយ! ទូលបង្គំយល់ហើយថា បរាជ័យនឹងក្លាយជាជោគជ័យវិញ បើវាជួយឲ្យទូលបង្គំងាកទៅរកទ្រង់នោះ។ សូមទ្រង់បង្ហាញទូលបង្គំពីព្រះរាជហឫទ័យ និងព្រះរាជបំណងរបស់ទ្រង់ចំពោះជីវិតទូលបង្គំផង ហើយបើការនោះជាព្រះហឫទ័យទ្រង់មែន នោះទូលបង្គំនឹងព្យាយាមម្តងទៀត។ បន្ទាប់មកសូមទ្រង់ជួយទូលបង្គំ ឲ្យអាចសម្រេចជោគជ័យផង ដោយកម្លាំងរបស់ទ្រង់ គឺមិនមែនដោយកម្លាំងរបស់ទូលបង្គំឡើយ។ ទូលបង្គំអធិស្ឋានដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។»